គ្មានជោគជ័យណា ដែលអាចសម្រេចបានដោយងាយស្រួលនោះឡើយ។ ប្រសិនបើគ្មានការតាំងចិត្តខ្ពស់នោះ អ្នកអាចនឹងរារែក ឬបោះបង់គោលដៅ ឬសកម្មភាពរបស់ខ្លួន នៅពេលដែលជួបនឹងឧបសគ្គ។ ប្រសិនបើអ្នកបានប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តហើយ បើទោះ ជាលោកអ្នកមិនទទួលបានជោគជ័យក៏អ្នកសប្បាយចិត្តនឹងអ្វីដែលអ្នកបានខិតខំប្រឹងប្រែងហើយដែរ។ កម្លាំងចិត្ត ជាកម្លាំងចលករដ៏ខ្លាំងក្នុងការកំណត់ជោគជ័យរបស់លោកអ្នក។
សុខភាពផ្លូវចិត្តមានសារៈសំខាន់មិនចាញ់សុខភាពផ្លូវកាយប៉ុន្មានទេ ក្នុងការកំណត់ជោគជ័យក្នុងជីវិតរបស់អ្នក។ មនុស្ស ម្នាក់ៗតែងចង់បានជោគជ័យលើគ្រប់អ្វីៗដែលខ្លួនធ្វើ ប៉ុន្តែហេតុអ្វីមនុស្សខ្លះ សប្បាយរីករាយនឹងជ័យជម្នះដែលគេទទួលបាន ខណៈដែលមនុស្សខ្លះទៀត ទទួលបានជោគជ័យដោយមិនមានក្ដីរីករាយទៅវិញ។ អ្វីដែល Sabay ចង់លើកយកមកបង្ហាញនៅថ្ងៃនេះ គឺគន្លឹះដែលជួយឲ្យអ្នកសម្រេចជោគជ័យក្នុងជីវិតដ៏វែងឆ្ងាយតាមរយៈការធ្វើលំហាត់អារម្មណ៍ដែលយើងស្គាល់ថា ជាសុទិដ្ឋិនិយម។ មនុស្សដែលមានសុទិដ្ឋិនិយមរមែងរីករាយនឹងផ្លែផ្កាដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គេ ហើយបើទោះជាគេទទួលបរាជ័យក្នុងរឿងអ្វីមួយក៏ដោយ ក៏គេនៅតែមានក្ដីសង្ឃឹមជានិច្ច។ ផ្ទុយទៅវិញ មនុស្សដែលគ្មានសុទិដ្ឋិនិយមតែងគ្មានសេចក្ដីរីករាយទេ បើទោះជាសម្រេចអ្វីក៏ដោយ ហើយបើសិនជាការងារដែលគេធ្វើជួបនឹងបរាជ័យវិញនោះ គេអាចមានអារម្មណ៍ខកចិត្ត ខឹងសម្បារនឹងខ្លួនឯង និងបាត់បង់ជំនឿចិត្ត។ ការហាត់ពត់ផ្លូវចិត្ត ប្រៀបបាននឹងការហាត់ពត់សាច់ដុំលើរាងកាយដូច្នោះដែរ នៅពេលដែលអ្នកឧស្សាហ៍ហាត់ពត់វា អំណាចផ្លូវចិត្តរបស់អ្នកនឹងរឹងមាំ និងក្រាញញញើតនឹងបរាជ័យ។ ដូច្នេះតើធ្វើយើងណាទើបអាចមានសុទិដ្ឋិនិយម? ដើម្បីឲ្យមានសុទិដ្ឋិនិយមបានទីមួយ ត្រូវប្រើប្រាស់ខួរក្បាលរបស់អ្នកគិតអ្វីដែលល្អៗ។ ពេលវេលាហាត់ពត់ចិត្តដ៏ប្រសើរនោះ គឺមុនពេលចូលគេង។ ចូរសរសេររឿងវិជ្ជមាន ដែលកើតឡើងមកលើអ្នក ឬមនុស្សជុំវិញខ្លួននៅពេលថ្ងៃ។ តើអ្នកបានជួយដោះស្រាយបញ្ហានរណាម្នាក់ដែរឬទេ? តើអ្នកបានធ្វើឲ្យនរណាម្នាក់ញញឹមខ្លះ? អ្នកមិនត្រូវផ្ដោតអារម្មណ៍លើអ្វីដែលមិនល្អនោះឡើយ វាអាចធ្វើឲ្យអ្នកខូចសមាធិ និងប៉ះពាល់អារម្មណ៍។ ការគិតអ្វីដែលល្អនឹងធ្វើឲ្យអ្នកគេងលក់ស្រួល និងងើបមកវិញ ដោយអារម្មណ៍ស្រស់ស្រាយ។ បន្ថែមពីនេះ អ្នកត្រូវគិតដល់ហេតុផលល្អៗដែលអ្នកដទៃទទួលបានពីការជួយរបស់អ្នក។ ការបន្តអនុវត្តហាត់ពត់ចិត្តគំនិតរបស់អ្នកបែបនេះ នឹងធ្វើឲ្យជីវិតរបស់អ្នករីករាយនឹងភាពជោគជ័យ ហើយបើទោះជាជួបបរាជ័យ ក៏អ្នកមិនសូវខកចិត្ត និងជូរចត់ដែរ។ បើមិនជឿ លោកអ្នកអាចអនុវត្តបែបនេះក្នុងរយៈពេលមួយសប្ដាហ៍មើល ថា តើមានអារម្មណ៍ខុសប្លែកពីមុនប៉ុណ្ណា?
ធ្វើអោយគេចូលចិត្ត
១. យកចិត្តទុកដាក់ដោយស្មោះចំពោះអ្នកដទៃៈ ចង់ឲអ្នកដទៃស្រឡាញ់យើង យើងត្រូវធ្វើអ្វីដើម្បីពួកគេមុន។ លោក Walters ធ្វើការនៅធនាគារមួយ ត្រូវបានថ្នាក់លើបានចាត់ឲទៅពិនិត្យដោយសម្ងាត់មើលហាងមួយនោះ គួរឲ្យធនាគារទុកចិត្តដែរឬទេ។ លោកបានទៅសួរសុខទុក្ខ នាយកក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់មួយផ្សេងទៀត ដើម្បីឲលោកជួយផ្តល់ឯកសារខ្លះអំពីហាងមួយនោះ។ នាយកក្រុមហ៊ុន ឆ្លើយតបដោយវិធីមួយមិនច្បាស់ បែបញញើតញញើមហាក់ដូចជាមិនចង់ឲ្យជាប់វាក់វិន។ ការជួបគ្នានេះទៅជាឥតប្រយោជន៍។
លោក Walters អស់សង្ឃឹមមិនដឹងធ្វើយ៉ាងណា។ ស្រាប់តែលោកបានឮលេខាម្នាក់និយាយថា ថ្ងៃនេះគាត់រកមិនបានកុកថ្មីមួយក្បាលសោះ។ ការពិតនាយកក្រុមហ៊ុននេះ កំពុងស្រាវជ្រាវរក"កុក" ឲកូនប្រុសរបស់គាត់អាយុ១២ឆ្នាំ។
ថ្ងៃក្រោយមកពេល លោក Walters បានត្រឡប់មកជួបលោកនាយកក្រុមហ៊ុនម្តងទៀត សរសេរលើក្រដាសតូចមួយថា មាន"កុក" ចម្លែកផ្ញើជូនកូនលោក ហើយប្រើឲគេយកមក...។ លើកនេះត្រូវបានទទួលយ៉ាងរាក់ទាក់បំផុត នាយកក្រុមហ៊ុនចាប់ដៃលោកដូចជាបេក្ខជនតំណាងរាស្រ្ត ចាប់ដៃជាមួយអ្នកបោះឆ្នោតអញ្ចឹង។ នាយកក្រុមហ៊ុន មុខស្រស់ដូចផ្កា បើកមើល"កុក" ចុះឡើងញឹកញាប់ ហើយថែមទាំងរំលឹកដល់កូនគាត់ថា "អា George កូនខ្ញុំច្បាស់ជាងប់ងល់នឹងសត្វកុកនេះជាពុំខាន!"។
លោក Walters រៀបរាប់ឡើងវិញថា "ក្នុងរយៈពេលកន្លះម៉ោង យើងនិយាយតែពីរឿងកុក ហើយសំឡឹងមើល ផ្ទាំងរូបថត George។ ហើយមិនចាំឲខ្ញុំសួរ នាយកក្រុមហ៊ុននោះ ចំណាយពេលមួយម៉ោងទៀត ឲខ្ញុំដឹងពីឯកសារទាំងអស់ដែលខ្ញុំចង់បាន។ គ្មានប្រការអ្វីដែលគាត់ដឹងហើយមិនប្រាប់ខ្ញុំទេ ហើយថែមទាំងហៅជំនួយការមកសួរថែមទៀត..."។
២. ញញឹមៈ ពេលញញឹមជាមួយនរណាម្នាក់ ប្រៀបបីដូចជានិយាយជាមួយអ្នកនោះថា "ខ្ញុំស្រឡាញ់អ្នក... បានជួបអ្នកខ្ញុំសប្បាយចិត្តណាស់..."។ ស្នាមញញឹមដែលផុសចេញពីចិត្តស្មោះ ធ្វើឲធូរស្បើយអាំរម្មណ៍។ ញញឹមជាការងារមួយមិនបាច់ចុះទុនតែចំណេញច្រើនបំផុត។ ស្នាមញញឹមបង្កើតឲមានសុភមង្គល។ បើអ្នកចង់ឲគេស្រឡាញ់រាប់អានសូមចាំគោលការណ៍នេះទុក "រក្សាស្នាមញញឹមជាប់បបូរមាត់ជានិច្ច..."។
លទ្ធផលនៃការញញឹមៈ លោក Steinhardt សរសេរក្នុងសំបុត្ររបស់គាត់ថា "ខ្ញុំបានរៀបការ១៨ឆ្នាំហើយ ហើយក្នុងរយៈកាលនោះ ខ្ញុំកម្រញញឹមសើចជាមួយប្រពន្ធខ្ញុំណាស់។ តាំងពីព្រឹមក្រោកពីដំណេករហូតដល់ធ្វើការ ខ្ញុំនិយាយជាមួយប្រពន្ធខ្ញុំមិនលើសពី១២ម៉ាត់ទេ។ ខ្ញុំជាមនុស្សដែលក្រម៉ែក្រម៉ូវពិបាកទ្រាំបំផុត។ ក្រោយមកខ្ញុំស្តាប់តាមដំបូន្មានដោយប្រែក្លាយខ្លួនជាមនុស្សញញឹម ខ្ញុំសើចពេញមួយសប្តាហ៍ ។ នៅពេលព្រលឹមលុបលាងមុខ ខ្ញុំមើលក្នុងកញ្ចក់ហើយក្រើនរំលឹកខ្លួនឯងថា ត្រូវបោះបង់ទឹកមុខក្រញ៉ូវដូចខ្មោចចេញ ហើយប្តេជ្ញាចិត្តញញឹមជានិច្ច។ ក្នុងពេលស្រស់ស្រូបអាហារពេលព្រឹកខ្ញុំរួសរាយគោរពប្រពន្ធខ្ញុំ។ ប្រពន្ធខ្ញុំងឿងណាស់។ ខ្ញុំរក្សាដូច្នេះរយៈពេល២ខែ ហើយរកឃើញសុភមង្គលក្នុងគ្រួសារដ៏ច្រើន គឺច្រើនជាងរយៈកាលមួយឆ្នាំកន្លងទៅទៀត។"
៣. ចងចាំនិងនិយាយឈ្មោះរបស់គេៈ លោក Jim Farely អាចហៅឈ្មោះបាន ៥ម៉ឺននាក់។ ដោយស្មារតីចងចាំដ៏អស្ចារ្យនេះ លោកបានជួយឃោសនា ឲ្យលោក Franklin D.Roosevelt ជាប់ឆ្នោតឡើងធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក។ វិធីលោកសាមញ្ញណាស់។ រាល់លើកពេលលោករាប់អានជាមួយនរណាម្នាក់ លោកសួរឈ្មោះនិងត្រកូលអ្នកនោះ និងវិធីសរសេរឲ្យត្រឹមត្រូវ។ លោករិះរកវិធីយល់ដឹងនិងចំណាំឲ្យបានច្បាស់ពីគ្រួសារ មុខរបរ និងនិន្នាការនយោបាយរបស់អ្នកនោះ កត់ត្រាទុកហើយលើកក្រោយជួបគ្នាវិញ ទោះបីអស់កាលមួយឆ្នាំក៏ដោយ ក៏លោកអាចទះស្មាអ្នកនោះ ហើយសួរសុខទុក្ខពីប្រពន្ធកូនរហូតដល់ដើមឈើមួយចំនួនក្នុងចំការ អ្នកនោះទៀត...!។ អញ្ចឹងហើយ ទើបទៅដល់ទីណាក៏លោកមានមិត្តស្និទ្ធស្នាល អត់មានអ្វីប្លែកនោះទេ។
គេសម្គាល់ឃើញថា លោកមានសៀវភៅមួយកត់ត្រាឈ្មោះអ្នកទាំងនោះរាប់ពាន់អ្នក។ ហើយអ្នកម្ចាស់សន្លឹកឆ្នោតម្នាក់ៗសុទ្ធតែងឿងឆ្ងល់ដោយទទួលបាន សំបុត្រមួយច្បាប់ពីលោកចារថា "មិត្ត Bill ជាទីស្នេហា" "មិត្ត Joe ជាទីស្នេហា" ... ហើយចុះហត្ថលេខា "Jim"។ លោក Jim យល់ថាមនុស្សទូទៅសុទ្ធតែឃើញថាឈ្មោះខ្លួនទន់ភ្លន់ជាងឈ្មោះអ្នក ឯទៀត។ ចាំឈ្មោះអ្នកនោះហើយទម្លាប់អានឲ្យងាយស្រួលនិងទន់ភ្លន់ (ឈ្មោះអ្នកខ្លះពិបាកអាន ពិបាកសរសេរ) ធ្វើបែបនេះគឺសរសើរអ្នកនោះដោយអាថ៌កំបាំង និងដោយវិធីប៉ិនប្រសប់។
មនុស្សយើងចាត់ទុកឈ្មោះនិងត្រកូលរបស់ខ្លួនជាសំខាន់ណាស់ ម៉្លោះហើយ គេខិតខំរិះរកគ្រប់វិធីដើម្បីស្នងបន្តវាឲ្យជំនាន់ក្រោយនិង ឆ្ងាយទៅទៀត...។ "ត្រូវចាំទុកថា ឈ្មោះមនុស្សម្នាក់ៗ ជាសំឡេងមួយយ៉ាងសំខាន់ និងស្រួលស្តាប់ជាងសំឡេងឯទៀត"។
៤. យកចិត្តទុកដាក់ស្តាប់គេនិយាយៈ យកចិត្តទុក ដាក់ស្តាប់មនុស្សម្នាក់និយាយ មិនខុសប្លែកអ្វីពីការលើកសរសើរគេដោយស្មោះឡើយ។ អ្នកអក្សរសាស្រ្តម្នាក់និយាយថា"ជក់ចិត្តស្តាប់សំដីរបស់មនុស្ស ម្នាក់ គឺគោរពលើកតម្កើងគេ ហើយកម្រមានមនុស្សណាមិនរំភើបចំពោះមុខការគោរពលើកតម្កើងនោះ ណាស់"។ សូមមិត្តទាំងឡាយស្តាប់រឿងដែលលោក J.C Wooton (សិស្សម្នាក់របស់ Dale Carnegie) និយាយៈ គាត់ទិញសម្លៀកបំពាក់មួយសម្រាប់នៅផ្សារទំនើបមួយ។ មកផ្ទះស្លៀកពាក់មិនបានប៉ុន្មានដង លោកធុញថប់យ៉ាងខ្លាំងពីព្រោះឃើញអាវចេញពណ៌ ហើយធ្វើឲ្យកអាវសឺមីឡើងខ្មៅ។
លោកយកសម្លៀកបំពាក់មួយសម្រាប់នេះ ត្រឡប់មកហាងត្អូញត្អែរដាក់បុគ្គលិកលក់ខោអាវឲ្យគាត់។ គាត់មកមិនត្រឹមតែចង់ត្អូញត្អែរប៉ុណ្ណោះទេ ប៉ុន្តែចង់ពន្យល់ឲ្យអ្នកលក់ទំនិញស្តាប់។ អ្នកលក់នោះមិនទាន់ទាំងស្តាប់គាត់ចប់ស្រួលបួលផងក៏កាត់ សំដីគាត់ថា "យើងខ្ញុំបានលក់របស់ប្រភេទនេះរាប់ពាន់សម្រាប់ ប៉ុន្តែមិនដែលមាននរណារអ៊ូរទាំអ្វីទាំងអស់..."។ សំដីបែបនេះ បូករួមទាំងសំឡេងនោះ ក៏កាន់តែអាក្រក់ទៅទៀត... គឺដូចជាចង់ប្រាប់ថា "លោកនិយាយកុហក លោកអើយ! ខ្ញុំដឹងដល់ជម្រៅចិត្តលោកហើយ!..."។
ស្តាប់ឮការឈ្លោះប្រកែកគ្នា អ្នកលក់ម្នាក់ទៀតរត់ចូលមក ហើយនិយាយថា "ខោអាវពណ៌ខ្មៅទាំងអស់នៅពេលដំបូងក៏ចេញពណ៌បន្តិចដូច្នេះ មិនអាចជៀសផុតទេ ជាពិសេសគឺសម្លៀកបំពាក់មួយចំនួនដែលមានតម្លៃប៉ុណ្ណឹង... មកពីថ្នាំជ្រលក់ដូច្នេះ"។
លោក Wooton ខឹងឆួលឡើង។ អ្នកលក់ទី១ មានគំនិតថា គាត់ភូតកុហក អ្នកទី២ចង់ពេបជ្រាយថាគាត់ទិញរបស់អន់តម្លៃថោក... គាត់ខឹងស្ទើរតែគ្រវែងរបស់លើក្បាលពួកគេនោះ។ ចៃដន្យម្ចាស់ហាងមកដល់ ជននោះពិតជាប៉ិនប្រសប់ក្នុងមុខរបរ ធ្វើឲ្យអតិថិជនម្នាក់ដែលកំពុងខឹងខ្លាំងបែរជាសប្បាយចិត្ត។
តើគាត់ធ្វើយ៉ាងណា...?
មុនដំបូងៈ គាត់ស្តាប់រឿងរ៉ាវ លោក Wooton ពីដើមដល់ចប់មិនស្រដីមួយម៉ាត់។
ក្រោយមកពេលលោកឈប់និយាយ ម្ចាស់ហាងស្តាប់ហេតុផលរបស់អ្នកលក់ទំនិញទាំងពីរ។ ម្ចាស់ហាងបដិសេធ ហេតុផលអ្នកលក់ទំនិញទាំងពីរនាក់នោះ ហើយមិនត្រឹមតែទទួលស្គាល់ថា ការពិតអាវក្រៅមានចេញពណ៌ធ្វើឲ្យប្រឡាក់អាវសឺមីប៉ុណ្ណោះទេ ថែមទាំងរំលឹកឡើងវិញទៀតថា គ្រប់មុខទំនិញដែលលក់នៅហាងនោះ ត្រូវធ្វើឲ្យអតិថិជនត្រឡប់ទៅផ្ទះពេញចិត្តទាំងស្រុង។
ចុងបញ្ចប់ គាត់ទទួលស្គាល់ថា មិនដឹងមកពីហេតុអ្វីទេ បានជាចេញពណ៌ដូច្នេះ ហើយគាត់ប្រាប់ត្រង់ៗថា "សូមលោក (Wooton) ប្រាប់មកថាឲ្យខ្ញុំធ្វើយ៉ាងណា ហើយខ្ញុំនឹងប្រតិបត្តិតាមបញ្ជាលោក"។
កំហឹងរបស់លោក Wooton ហាក់រសាយអស់ លោកឆ្លើយតបនឹងម្ចាស់ហាងថា "ខ្ញុំគ្រាន់តែចង់មកសួរយោបល់លោកប៉ុណ្ណោះ។ ខ្ញុំចង់ដឹងថាថ្ងៃក្រោយវានៅចេញពណ៌ទៀតទេ ហើយធ្វើយ៉ាងណាឲ្យវាលែងចេញពណ៌...?"។
ម្ចាស់ហាងឲ្យលោក Wooton យកទៅផ្ទះសាកល្បងស្លៀកពាក់មួយសប្តាហ៍ទៀត។ បើសិនជាដល់ពេលនោះនៅតែមិនពេញចិត្តទៀត សូមយកមកដូរវិញ។ ហើយគាត់សោកស្តាយ ចំពោះហេតុការណ៍នេះណាស់។
លោក Wooton ត្រឡប់មកវិញ សប្បាយរីករាយ។ មួយសប្តាហ៍ក្រោយអាវនោះ ពិតជាលែងចេញពណ៌មែន ហើយតាំងពីពេលនោះមកលោកទុកចិត្តផ្សារទំនើបនោះទាំងស្រុង។
គួរចងចាំថា អ្នកនិយាយជាមួយយើងយកចិត្តទុកដាក់ដល់បញ្ហារបស់ពួកគេ១០០ដង ប៉ុន្តែគ្រាន់តែយកចិត្តទុកដាក់ដល់បញ្ហារបស់យើង១ដងតែប៉ុណ្ណោះ។ ដូច្នេះបើចង់ឲ្យគេស្រឡាញ់ត្រូវប្រតិបត្តិតាមគោលការណ៍នេះ ចេះយកចិត្តទុកដាក់ស្តាប់ និងលើកទឹកចិត្តអ្នកដែលនិយាយអំពីខ្លួនរបស់ពួកគេ។
Lincoln មិនបានត្រូវការមនុស្សណាម្នាក់ជួយដាស់តឿនទេ លោកគ្រាន់តែចង់ឲ្យមានមិត្តស្និទ្ធស្នាលម្នាក់ស្តាប់លោកនិយាយ ហើយយល់ចិត្តលោក បានបញ្ចេញនូវមនោសញ្ចេតនា អាថ៌កំបាំងរបស់លោកតែប៉ុណ្ណោះ។ យើងទាំងអស់គ្នាមិនមែនដូច្នេះឬ? ហើយអតិថិជនដែលខឹងមួម៉ៅ អ្នកធ្វើការមិនសប្បាយចិត្ត មិត្តភក្តិអាក់អន់ចិត្តគ្នា... សុទ្ធតែចង់រកមនុស្សម្នាក់ជិតស្និទ្ធដើម្បីត្អូញត្អែរប្រាប់តែ ប៉ុណ្ណោះ។
៥. និយាយជាមួយពួកគេនូវរឿងដែលពួកគេចូលចិត្តៈ អ្នក ណាម្នាក់ បើបានជួបលោកប្រធានាធិបតី Théodore Roosevelt សុទ្ធតែងឿងឆ្ងល់ពីការដឹងច្រើននិងការយល់ទូលាយរបស់លោក។ លោកដឹងពីវិធីសួរនាំមនុស្សគ្រប់ប្រភេទៈ គង្វាលគោ អ្នកជិះសេះ អ្នកនយោបាយ ឬអ្នកការទូត។ រូបមន្តសាមញ្ញរបស់លោកគឺ នៅពេលដែលត្រូវទទួលភ្ញៀវម្នាក់នោះ គឺមួយយប់មុន លោកបានសិក្សាស្រាវជ្រាវរឿងដែលភ្ញៀវម្នាក់នោះចូលចិត្តនិយាយ ដល់អ្វីជាងគេ ដើម្បីបានបំពេញបំណងគេ។ ក៏ដូចជាអ្នកដឹកនាំមហាជនទូទៅដែរ លោកដឹងថា វិធីស័ក្តិសិទ្ធបំផុត ដើម្បីយកចិត្តគេគឺពិភាក្សាដល់បញ្ហាដែលអ្នកនោះ "តែងតែរក្សាទុកក្នុងចិត្ត"។
ខ្ញុំសូមណែនាំ លោកអ្នក មកពិនិត្យមើលករណីរបស់លោក Henry G. Duvernoy ជាអ្នកផលិតនំប៉័ងដ៏ធំម្នាក់នៅ New York។ អស់រយៈពេល៤ឆ្នាំមកហើយ លោករិះរកវិធីលក់នំប៉័ងឲ្យសណ្ឋាគារមួយនៅ New York ។ មួយសប្តាហ៍ម្តងលោកតែងទៅសួរសុខទុក្ខម្ចាស់សណ្ឋាគារ ដើម្បីបញ្ចុះបញ្ចូល។ តែមិនទទួលបានផលអ្វីសោះ។ ក្រោយមក លោកព្យាយាមស្រាវជ្រាវដឹងថាម្ចាស់សណ្ឋាគារនោះជាប្រធានសហព័ន្ធ ទេសចរណ៍សណ្ឋាគារ ហើយគាត់ចាត់ទុកកិច្ចការសហព័ន្ធនេះដូចជាជិវិតរបស់គាត់។
ពេលជួបម្ចាស់សណ្ឋាគារលើកក្រោយ លោក Duvernoy និយាយភ្លាមដល់រឿងសហព័ន្ធ។ ហើយមិត្តទាំងឡាយអើយ!... ល្អូកល្អឺនដល់កម្រិតណាទៅ!... ម្ចាស់សណ្ឋាគារនិយាយដោយស្រស់បស់អស់កាលកន្លះម៉ោង ស្តីពីអង្គការចាត់តាំងទាំងនោះ។ មុនពេលបែកគ្នាគាត់ឲ្យបណ្ណសមាជិកមួយសន្លឹកទៅលោក Duvernoy។ លោកមិនបាននិយាយដល់ការលក់នំរបស់លោកទេ។ ប៉ុន្មានថ្ងៃក្រោយមក អ្នកគ្រប់គ្រងសណ្ឋាគារទូរស័ព្ទមកលោក ឲ្យយកគម្រូនំប៉័ងមកដើម្បីគិតគូរតម្លៃ។ អ្នកគ្រប់គ្រងរូបនោះនិយាយថា "មិនដឹងលោកបានធ្វើអ្វី ទើបម្ចាស់ខ្ញុំចូលចិត្តលោករហូតដល់អង្គុយនៅត្រង់ណាក៏និយាយតែ អំពីលោកប៉ុណ្ណោះ"។
៦. ជានិច្ចកាលត្រូវធ្វើឲ្យគេយល់ឃើញពីប្រការសំខាន់របស់ខ្លួនគេផ្ទាល់ៈ លោកសាស្រ្តាចារ្យ John Dewey បានចាត់ទុកថា "ចិត្តចង់ឲ្យអ្នកដទៃចាត់ទុកខ្លួនថ្លៃថ្នូរជាបំណងប្រាថ្នាធំ បំផុតរបស់មនុស្សលោក គឺបំណងប្រាថ្នានេះហើយដែលបង្ហាញឲ្យឃើញថាមនុស្សខុសប្លែកពីសត្វ "។ អស់រាប់សិបសតវត្សរ៍មកហើយ ទស្សនវិទូនិងសាសនាទាំងឡាយតែងអប់រំថា "ចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ត្រូវប្រព្រឹត្តចំពោះគេដូច្នេះ។ ចង់ទទួលពីគេនូវវត្ថុអ្វី ត្រូវឲ្យគេនូវវត្ថុនោះ"។ សូមចងចាំពាក្យរបស់លោក Emerson ថា"បុគ្គលម្នាក់ៗ សុទ្ធតែមានចំនុចគ្រាន់បើជាងខ្ញុំ ម៉្លោះហើយនៅជិតពួកគេ ខ្ញុំរៀនសូត្រពីគេបាន"។
អ្នកស្រី Dorothy Dix អ្នកល្បីឈ្មោះដែលជំនាញពីរឿងរ៉ាវប្រចាំថ្ងៃបាននិយាយថា "បើមិនទាន់បានរៀនពីសិល្បៈពាក្យសរសើរទេ សូមលោកប្រុសកុំអាលមានគ្រួសារធ្វើអ្វី។ មុនពេលរៀបការជាមួយអ្នកស្រី លោកប្រុសបានធ្វើឲ្យអ្នកស្រីសប្បាយចិត្ត នេះជាសុជីវធម៌មួយបែប។ ក្រោយពីរៀបការហើយជាការចាំបាច់ ដើម្បីធានារ៉ាប់រងដល់សុភមង្គលក្នុងគ្រួសារ មិនត្រឹមតែស្មោះត្រង់ប៉ុណ្ណោះទេ ថែមទាំងត្រូវមានការប៉ិនប្រសប់ទំនាក់ទំនងលួងលោមផ្អែមល្ហែម និងសរសើរបង្កប់ក្នុងនោះទៀតផង ទើបពេញលក្ខណៈ។
មានគ្រាមួយនោះ លោកស្រីសម្ភាសន៍ជាមួយបុរសម្នាក់ដែលល្បី ថាមានប្រពន្ធច្រើន គាត់គ្របដណ្តប់លើបេះដូងនិងដណ្តើមទ្រព្យសម្បត្តិពាក់កណ្តាលរបស់ ស្ត្រី២៣នាក់។ នៅពេលអ្នកស្រីសួរគាត់ថា ធ្វើដូចម្តេចទើបល្បួងលួងលោមស្រ្តីបានច្រើនដូច្នេះ? គាត់ឆ្លើយតប "អ្នកណាដែលធ្វើមិនបាន... នោះគឺការចេះសរសើរពួកគេឲ្យពួកគេស្តាប់ទៅណា៎..."។
ប្រការនេះ ប្រើចំពោះបុរសក៏មានលទ្ធផលគាប់ចិត្តដែរ។ Disraeli អ្នកនយោបាយម្នាក់ដ៏ឆ្លាតវៃដែលបានក្តាប់វាសនារបស់ចក្រភព អង់គ្លេសទាំងមូល មានពេលមួយនោះ លោកពោលថា "ជួបមនុស្សម្នាក់ ចេះតែនិយាយជាមួយគាត់អំពីរឿងរ៉ាវរបស់គាត់ទៅ នោះគាត់នឹងស្តាប់អ្នករាប់ម៉ោង។
វិធីសាស្ត្រដ៏មានប្រសិទ្ធិភាព ក្នុងការសាងទំនុកចិត្តឲ្យខ្លួនឯង
វិធីសាស្ត្រដ៏មានប្រសិទ្ធិភាព ក្នុងការសាងទំនុកចិត្តឲ្យខ្លួនឯង
នៅក្នុងពិភពលោកយើងនេះ មានមនុស្សមិនតិចទេ ដែលប្រកបដោយចំណេះខ្ពង់ខ្ពស់ មានសីលធម៌ល្អ សុខភាពរាងកាយមាំមួន។ ប៉ុន្តែពួកគេបែបជា មិនមែនជាមនុស្សជោគជ័យ នៅក្នុងជីវិតទៅវិញ មិនថាតែ ការសិក្សា ការងារ គ្រួសារ ស្នេហា មិត្តភក្តិ ក៏ដូចជាជីវិតផ្ទាល់ខ្លួន។
តើបណ្តាលមកពីមូលហេតុអ្វី? អ្នកប្រាជ្ញចិត្តសាស្ត្រភាគច្រើន បានពន្យល់ថា បណ្តាលមកពី កង្វះទំនុកចិត្តលើខ្លួនឯងរបស់បុគ្គលនោះ តែប៉ុណ្ណោះ។ បើបែបនេះមែន តើយើងមានវិធីណាអាចដោះស្រាយ បញ្ហាកង្វះទំនុកចិត្តលើខ្លួនឯងនេះ បានដែរ ឬទេ?
តទៅនេះ សូមលោកអ្នកអញ្ជើញ តាមដាននូវសញ្ញាណមួយចំនួននៃកង្វះទំនុកចិត្តលើខ្លួនឯង និងវិធីសាស្ត្រអភិវឌ្ឍមួយចំនួន ជាមួយនឹងយើងខ្ញុំ ដូចខាងក្រោម ៖
ក. និយមន័យ ៖ តើទំនុកចិត្តលើខ្លួនឯងគឺជាអ្វី? ទំនុកចិត្ត ថ្នាក់ពាក្យជានាម មានន័យថា ការភ្ជាប់ជំនឿទៅលើរឿងអ្វីមួយ ឬលើនរណាម្នាក់ សេចក្តីសង្ឃឹម ឬសេចក្តីជឿជាក់លើរឿងអ្វីមួយ ឬលើនរណាម្នាក់ ភាពជឿជាក់ថា រឿងអ្វីមួយនឹងបានកើតឡើង ដូចការគិតរបស់ខ្លួន ការប្រាកដក្នុងចិត្តថា អ្នកណាម្នាក់ ឬខ្លួនយើងនឹងអាចធ្វើអ្វីមួយស្របតាមការគិតរបស់ខ្លួន ការនឹកផ្គងគំនិតថា មុខជានឹងបានសម្រេចដូចបំណង ការមានសេចក្តីកក់ក្តៅក្នុងចិត្តទុកជាមុន។
ចំនុចដំបូងនៃទំនុកចិត្តលើខ្លួនឯង គឺសំដៅលើយើងមានភាពឆ្លាតវៃ ឬការដឹងដោយវិញ្ញាណវិជ្ជមាន និង ប្រាកដនិយមមួយ ចំពោះសមត្ថភាពខ្លួនយើងផ្ទាល់។
ខ. តើអ្វីទៅដែលធ្វើឲ្យមនុស្សយើងមានទំនុកចិត្តលើខ្លួនឯង? លោកអ្នកគិតថា វាជាលុយ ជាការជោគជ័យ ជាទេព្យកោសល្យ ជាមិត្តភក្តិ ឬក៏ជាវេទមន្ត? តើមានមនុស្សប៉ុន្មាននាក់ ដែលតែងយកចិត្តទុកដាក់ លើការបង្កើនទំនុកចិត្តខ្លួនឯង តាមរយៈការធ្វើអ្វីមួយឲ្យបែកញើសតិចៗ ជាមួយនឹងមិត្តភក្តិស្រករៗគ្នា របស់ពួកគេ?
តាមការស្រាវជ្រាវរបស់អ្នកជំនាញ បានបង្ហាញថា មានមនុស្សតិចតួចប៉ុណ្ណោះ ដែលដឹងថា ជំនឿទុកចិត្តលើខ្លួនឯង មិនមានមកពីកំណើតនោះ បើទោះណាជាមានមនុស្សមួយចំនួន ហាក់ដូចជាកើតមកប្រកបដោយជំនឿទុកចិត្តផ្ទាល់ខ្លួន ដូចជា បងប្អូនស្រីភ្លោះ ជាដើមក៏ដោយ។
មនុស្សដែលមានទំនុកចិត្តលើខ្លួនឯងដឹងថា តើជំនឿទុកចិត្តខ្លួនឯង អាចធ្វើអ្វីៗទៅរួចសម្រាប់ពួកគេយ៉ាងដូចម្តេច។ មានន័យថា មនុស្សដែលមានជំនឿចិត្តទុកចិត្តលើខ្លួនឯង គឺតែងតែដឹងច្បាស់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន។ ពួកគេចេះស្រង់យកចំនុចខ្លាំង តាមរយៈការយល់ដឹង ពីទេពកោសល្យរបស់ពួកគេ ហើយដឹងច្បាស់អំពីអ្វី ដែលពួកគេអាចធ្វើ និងមិនអាចធ្វើទៅបាន។
ទំនុកចិត្តលើខ្លួនឯង មិនមានន័យ ជាការជឿជាក់ថា មានតែខ្លួនឯងម្នាក់ទេ ដែលអាចធ្វើអ្វីៗបាន នៅលើពិភពលោកយើងនេះ។ ផ្ទុយមកវិញ ទំនុកចិត្តលើខ្លួនឯង គឺជាការស្គាល់នូវភាពខ្លាំង និងភាពខ្សោយរបស់អ្នក ហើយ និងភាពខ្លាំងរបស់អ្នក ឲ្យប្រសើរឡើងបំផុត ខណៈពេលដែលលោកអ្នក កំពុងគេចចេញឲ្យឆ្ងាយពីភាពខ្សោយរបស់លោកអ្នក។
មនុស្សដែលមានទំនុកចិត្តចិត្តលើខ្លួនឯង ស្ទើរតែអាចធ្វើអ្វីៗទាំងអស់ឲ្យកើតឡើងបាន។ គាត់អាចក្លាយជាមនុស្ស ដែលឈរលើភាពជាអ្នកទទួលបានជោគជ័យ ហើយនឹងអាចរំពឹងបានថា គាត់អាចនឹងធ្វើឲ្យជីវិតកាន់តែមានភាពប្រសើរឡើង កាន់តែមានភាពងាយស្រួលឡើង សម្រាប់ខ្លួនគាត់ និងគ្រួសាររបស់គាត់។ មនុស្សដែលមានទំនុកចិត្តលើខ្លួនឯង គឺជាជនទាំងឡាយណា ដែលងាយស្រួលនឹងទទួលស្គាល់ នូវឱកាសទាំងឡាយ។ ដូច្នេះហើយ ពួកគេតែងតែជាមនុស្សទីមួយ ដែលអ្នកអាចក្តាប់យកឱកាសទាំងអស់នោះ បានមុនគេផងដែរ។
គ. លក្ខណៈសម្គាល់ទំនុកចិត្តលើខ្លួនឯង ៖ ទំនុកចិត្តលើខ្លួនឯង ត្រូវបានចង្អុលបង្ហាញចរិតលក្ខណៈ តាមរយៈពាក្យសំដីពោលអះអាង ឬការការពារ គំនិតសុទិដ្ឋិនិយម ចំណង់ខ្លាំងក្លា ការអត់ឱន ឬសេចក្តីស្នេហា មោទនភាព ឬសេចក្តីពេញចិត្តខ្ពស់ ឯករាជ្យភាព ទំនុកចិត្ត ឬសេចក្តីជឿជាក់ បំណិនប្រសប់ ឬសមត្ថភាពខាងដោះស្រាយបញ្ហាខាងការចាប់ថ្នាក់ ឬការរិះគន់ទិតៀន ភាពចាស់ទុំខាងការរំជួលចិត្ត និងសមត្ថភាពក្នុងការស្ទាបស្ទង់ជាទៀងទាត់ នូវសេចក្តីក្លាហាន ឬសមត្ថភាពរបស់ខ្លួន។
ឃ. លក្ខណៈសម្គាល់ទំនុកចិត្តលើខ្លួនឯង ៖ កង្វះជំនឿចិត្តលើខ្លួនឯង ត្រូវបានស្តែងឲ្យឃើញលក្ខណៈតាមរយៈ ភាពមន្ទិលសង្ស័យលើខ្លួនឯង អកម្មភាព ឬការមិនធ្វើចម្លើយតបចំពោះរឿងអ្វីមួយ ការចាំស្តាប់តែបង្គាប់អ្នកដ៏ទៃដោយគ្មានការពិចារណារកខុស ត្រូវ ល្អ អាក្រក់ រីកចម្រើន មិនរីកចម្រើនអ្វីសោះ ការស្របទៅនឹងបញ្ហាហួសហេតុពេក ភាពឯកោ ឬការនៅដាច់ឆ្ងាយពីអ្នកដទៃខ្លាំងពេក ការពូកែតែខាងការរិះគន់ខ្លួនឯង ឬរិះគន់អ្នកដទៃខ្លាំងពេក កង្វះការជឿជាក់ សេចក្តីក្រៀមក្រំចិត្ត និងសញ្ចេតនាចាញ់ប្រៀប និងកង្វះខាងក្តីស្រលាញ់។
ង. តើគេត្រូវធ្វើដូចម្តេច ដើម្បីកសាងទំនុកចិត្តឲ្យខ្លួនឯងបាន?
ប្រសិនបើលោកអ្នកស្ថិតនៅក្នុងប្រភេទដែលខ្មាស់អៀន មិនសូវមានទំនុកចិត្តលើខ្លួនឯងនោះ លោកអ្នក អាចអនុវត្តតាមចំនុចមួយចំនួន ដូចខាងក្រោម ៖
ត្រូវរៀនស្គាល់ខ្លួនឯងឲ្យបានច្បាស់ជាមុន (ទាំងចំនុចខ្លាំង និងចំនុចខ្សោយ) ៖ ប្រសិនបើលោកអ្នកស្គាល់ចំនុចខ្លាំងរបស់ខ្លួន ឯងហើយ ក្រោយមកលោកអ្នកត្រូវប្រមូលយក នូវការខិតខំប្រឹងប្រែងទាំងអស់របស់លោកអ្នក មកលើចំនុចខ្លាំងទាំងអស់នោរួចហើយ ត្រូវស្វែងរកឱកាសពីចំនុចខ្លាំងទាំងអស់នោះ។ ប្រសិនបើដឹងពីចំនុចខ្សោយរបស់ខ្លួនឯងហើយ លោកអ្នកត្រូវព្យាយាមអភិវឌ្ឍចេញពីចំនុចខ្សោយទាំងនោះ។
១. បង្កើតសកម្មភាពឲ្យក្លាយជាទម្លាប់ ៖ មនុស្សដែលចេះអភិវឌ្ឍចំណង់ចំណូលចិត្តក្លាយជាទម្លាប់មួយហើយ គឺមនុស្សដែលអាចបង្កើតនូវទំនុកចិត្តខ្លួនឯង មិនថា ពេលណាក៏ដោយ ហើយគេគ្រាន់តែដឹងថា ខ្លួនគេ គឺបានធ្វើអ្វីៗល្អគ្រប់គ្រាន់ហើយ។
២. ត្រូវធ្វើកំណត់ត្រានូវរាល់ស្នាដៃដែលលោកអ្នកធ្លាប់បានទទួល ៖ លោកអ្នកប្រហែលជាគិតថា លោកអ្នក គឺមិនមែនជានរណាម្នាក់ឡើយ។ ប៉ុន្តែសូមលោកអ្នកធ្វើបញ្ជីមួយ ដែលនិយាយពីអ្វី ដែលលោកអ្នកធ្លាប់បានទទួល កាលពីអតីតកាល ទោះបីការសម្រេចទាំងនោះ វាតិចតួចយ៉ាងណាក៏ដោយ។ បន្ទាប់មក លោកអ្នកចេះតែកត់ត្រារបៀបនេះរហូតទៅ។
៣. សូមខិតខំពង្រឹងស្មារតីរបស់លោកអ្នកឲ្យបានល្អ ៖ មានន័យថា ធ្វើចិត្តរបស់លោកអ្នកឲ្យបានស្ងប់ស្ងៀម ដោយផ្អែកលើជំនឿមុតមាំមួយ លោកអ្នកល្អ លោកអ្នកមិនមានអ្វីជាបញ្ហាទេ ហើយលោកអ្នកនឹងអាចធ្វើអ្វីៗបាន ប្រសិនបើលោកអ្នកដាក់ចិត្តធ្វើនោះ។
៤. លោកអ្នកមិនត្រូវផ្តោតតែទៅលើគំនិតអវិជ្ជមានទេ ៖ លោកអ្នកត្រូវចេះរៀនសូត្រពីកំហុសរបស់លោកអ្នក ប៉ុន្តែលោកអ្នកមិនត្រូវផ្តោតអារម្មណ៍ តែទៅលើកំហុសឆ្គងទាំងអស់នោះ ច្រើនពេកទេ។ ជំនួសមកវិញ លោកអ្នកត្រូវផ្តោតអារម្មណ៍ តែទៅលើកម្លាំងចិត្តដើម្បីកែលម្អខ្លួនលោកអ្នក ឲ្យបានកាន់តែប្រសើរទៅ នោះវា គឺជាការស្រេច។
ត្រូវដោះស្រាយបញ្ហាកង្វះទំនុកចិត្តលើខ្លួនឯង តើយើងត្រូវដោះស្រាយបញ្ហាកង្វះទំនុកចិត្តលើខ្លួនឯងនេះដោយវិធីណា?
១. ការរៀនសូត្រពីបទពិសោធន៍៖ ជារឿយៗ យើងអាចអភិវឌ្ឍមនោសញ្ចេតនាចាញ់ប្រៀប និងកង្វះក្តីសង្ឃឹម ដោយឆ្លងកាត់បទពិសោធន៍ ជីវិតអវិជ្ជមាន ឬជូរចត់ច្រើនកន្លែង ដូចជា នៅផ្ទះ នៅសាលារៀន ឬក៏នៅកន្លែងការងារ…។ល។ ឧទាហរណ៍ នៅពេលដែលលោកអ្នកកំពុងតែចម្រើនវ័យ ឪពុកម្តាយ ឬអាណាព្យាបាលរបស់លោកអ្នក ប្រហែលជាមិនអាចផ្តល់ឲ្យលោកអ្នក នូវបរិស្ថានគាំទ្រទំនុកបម្រុង ប្រកបដោយផាសុកភាពមួយ បានឡើយ។
ពួកលោកច្រើនតែធ្វើការតិតៀន បង្គាប់ បញ្ជា ការពារ ឬក៏ហួងហែងលោកអ្នក ហួសប្រមាណ។ ជាលទ្ធផលហេតុការ នេះក៏បានរុញច្រាន លោកអ្នកខ្លួនឯង ឲ្យធ្លាក់កាន់តែជ្រៅទៅនៅក្នុងរណ្តៅនៃការគិត បែបវិជ្ជមាន។
២. ការរៀនសូត្រពីការបាត់បង់សមាជិកគ្រួសារ ឬមិត្តភក្តិជិតដិតណាមួយ ៖ ឧទាហរណ៍ ការលែងលះរបស់ ឪពុកម្តាយលោកអ្នក ការចាកចេញឆ្ងាយពីផ្ទះរបស់លោកអ្នកនៅលើកដំបូង (ដោយបែកឆ្ងាយពីគ្រួសារ និងមិត្តភក្តិជាទីស្រលាញ់) និងការបែកបាក់ដៃគូរស្នេហារបស់លោកអ្នក ជាដើម។
៣. ការៀនសូត្រពីពំនាក់អាស្រ័យ ៖ ដែលមិនចាំបាច់ ឬព្រឹត្តិការណ៍មិនល្អទាំងឡាយ ដូចជា ការបរាជ័យ ឬការខកចិត្ត ជំនួសឲ្យបាត់បង់ជំនឿចិត្តលើខ្លួនឯង លោកអ្នកត្រូវតែរៀនសូត្រពីព្រឹត្តិការណ៍អាក្រក់ៗទាំងនេះ។
៤. ការរៀនសូត្រពីការវិនិច្ឆ័យ ឬការតិតៀន ៖ លើខ្លួនលោកអ្នក និងសមត្ថភាពរបស់លោកអ្នក ដែលមិនពិរោះ មិនគួរឲ្យចង់ស្តាប់ខ្លាំង ឧទាហរណ៍ លោកអ្នកតិតៀន ឬស្តីបន្ទោសឲ្យខ្លួនលោកអ្នក ក៏ព្រោះតែការបរាជ័យ និងការខកចិត្តទាំងឡាយ របស់លោកអ្នក។
៥. រៀនសូត្រពីការវាយតម្លៃ ៖ លើផលចំណេញ នៃស្ថានភាពទាំងឡាយ ឲ្យបានខ្លាំងក្លាជាងអ្វី ដែលរឿងជាក់ស្តែង។
៦. រៀនសូត្រពីបទពិសោធន៍នៃការដាក់សម្ពាធ ៖ លោកអ្នកត្រូវការដាក់សម្ពាធជាច្រើន ដែលកើតចេញពីឪពុកម្តាយរបស់លោកអ្នក ឬមនុស្សវ័យស្របាលលោកអ្នក ដើម្បីជួបតម្រូវការ និងការំពឹងទុកទាំងឡាយដែលពួកគេចាត់ចែង សម្រាប់លោកអ្នក ដកហូតលោកអ្នកពីឱកាសអភិវឌ្ឍលើឯករាជ្យភាព ស្វ័យភាព និង អត្ថសញ្ញាណផ្ទាល់ខ្លួនរបស់លោកអ្នក។
៧. រៀនសូត្រពីការកំណត់គោលដៅ មិនជាក់លាក់ទាំងឡាយ។
៨. រៀនសូត្រពីការភ័យខ្លាចបរាជ័យ ៖ ឧទាហរណ៍ បើសិនលោកអ្នកទទួលបានកម្រិត F នៅក្នុងការប្រលងណាមួយ លោកអ្នកអាចនឹងគិតថា លោកអ្នកបរាជ័យ ច្រើនជាងការដែលគិតថា លោកអ្នកមានភាពប្រសើរជាងអ្នក ដែលបរាជ័យ ឬធ្លាក់ជាស្ថាពរ នៅក្នុងការប្រលងមួយ។
ត្រូវបង្កើនជំនឿចិត្តខ្លួនឯង ឲ្យបានកាន់តែច្រើន តើធ្វើដូចម្តេច ដើម្បីបង្កើនជំនឿចិត្តលោកខ្លួនឯងរបស់លោកអ្នក?
១. គិតបែបវិជ្ជមានអំពីខ្លួនលោកអ្នក។
២. សូមជ្រើសរើស ឬកំណត់គោលដៅ ៖ ទាំងឡាយណា ដែលប្រាកដជានឹងអាច ជួបការរំពឹងទុករបស់លោកអ្នក ជាដំណោះស្រាយ ចូរកំណត់គោលដៅរបស់លោកអ្នក នៅក្នុងកម្រិតហេតុផលមួយ ព្រោះថា អ្វីដែលអ្នកបានទទួល គឺវាស្មើនឹងអ្វី ដែលលោកអ្នកបានកំណត់ទុក ដើម្បីសម្រេច។
ការកំណត់នេះជួយជម្រុញទំនុកចិត្ត និងការពេញចិត្តលើខ្លួនឯងរបស់លោកអ្នក។ លោក វីលៀម ចេមស៍ បិតាចិត្តសាស្ត្រ បានពោលថា ការពេញចិត្តខ្លួនឯង ស្មើនឹងអ្វីដែលយើងទទួល ឬស្មើនឹងអ្វី ដែលយើងកំនត់នឹងទទួលយក។
៣. សូមផ្តល់រង្វាន់ ឬសរសើរឲ្យខ្លួនឯង ៖ នៅពេលដែលលោកអ្នក បានសម្រេចកិច្ចការអ្វីមួយបានល្អ បើទោះណាកិច្ចការនោះ ជារឿងងាយស្រួលតិចតួច ឬក៏តូចតាចយ៉ាងណាក៏ដោយ។
៤. នៅពេលណា ដែលរឿងខកចិត្ត ឬការលំបាកចិត្តកើតឡើង ៖ លោកអ្នកត្រូវតែដឹងឲ្យបានច្បាស់ អំពីគំនិតរបស់លោកអ្នក។ សូមគិតបែបតក្កវិជ្ជា អំពីស្ថានភាពជំនួសឲ្យការប្រតិកម្មដ៏ខ្លាំងក្លាមួយ ដោយតែទៅលើមូលដ្ឋាននៃអារម្មណ៍របស់លោកអ្នក។
៥. សូមពំនាក់អាស្រ័យតែទៅលើ ៖ ចំនុចខ្លាំងរបស់លោកអ្នក ជាជាងការពឹងអាស្រ័យលើចំនុចខ្សោយរបស់លោកអ្នក។
៦. សូមលោកអ្នកទទួលស្គាល់ថា ៖ មានរឿងរ៉ាវជាក់ស្តែងទាំងឡាយដែលថា លោកមានសមត្ថភាព និងងាយនឹងសម្របសម្រួល ទៅនឹងស្ថានការណ៍ទាំងឡាយជាងអ្នកដទៃ ហើយវាជារឿងដែលមិនអាចទៅរួចដែលថា ត្រូវរំពឹងភាពភាពឥតខ្ចោះ ទៅលើការយល់ឃើញគ្រប់បែបយ៉ាង នៅក្នុងជីវិតរបស់លោកអ្នក។
៧. សូមកុំទាមទារការសម្រេចគោលបំណង ឬស្នាដៃរបស់លោកអ្នក ៖ តែទៅលើសំណាងមួយមុខប៉ុណ្ណោះ។ ជំនួសឲ្យរឿងនេះ សូមលោកអ្នកផ្តល់ឲ្យខ្លួនឯងនូវកិត្តនាម សម្រាប់ការសម្រេចគោលបំណងរបស់ខ្លួនឯងផង។
៨. សូមរៀនសូត្រ ដើម្បីក្លាយជាមនុស្ស ដែលពោរពេញទៅដោយហេតុផល ៖ ការរៀនសូត្របែបនេះ មានអត្ថន័យថា ត្រូវរៀនសូត្របញ្ចេញអារម្មណ៍ គោលគំនិត ជំនឿ និងតម្រូវការរបស់លោកអ្នកដោយផ្ទាល់ ដោយបើកចំហ និងដោយស្មោះត្រង់ នៅខណៈដែលមិនប្រព្រឹត្តខុស លើសិទ្ធិរបស់អ្នកដទៃ។
ឧទាហរណ៍ រៀនក្រោកឈរឡើង ដើម្បីទាមទារសិទ្ធិរបស់លោកអ្នក និងរៀននិយាយថា ទេ ចំពោះសំណូមពរ ដែលមិនសមហេតុផលទាំងឡាយ។
៩. ការបណ្តុះបណ្តាល ពីរបៀបតស៊ូមតិស្របច្បាប់ ៖ អាចជាជំនួយដ៏ល្អបំផុត នៅក្នុងការកសាងទំនុកចិត្តលើខ្លួនឯង និងស្វែងរកឲ្យឃើញតំបន់ទាំងឡាយ នៃរូបភាពអវិជ្ជមានរបស់ខ្លួន។
១០. សូមធ្វើបញ្ជីមួយ ស្តីពីអ្វីដែលលោកអ្នកមានអារម្មណ៍ ៖ ជាបញ្ហាចម្បងនៅក្នុងជីវិតរបស់លោកអ្នក។ បន្ទាប់មក សូមកត់ត្រា វិធីអភិវឌ្ឍ ឬក៏វិធីដែលត្រូវដោះស្រាយបញ្ហាទាំងនោះ។ ធ្វើបានដូចនេះនោះ ភ័ព្វសំណាងទាំងឡាយ ដែលមិនមែនជាបញ្ហារបស់លោកអ្នក អាចត្រូវបានដោះស្រាយ ដោយងាយស្រួល ឬយ៉ាងឆាប់រហ័ស។
តាមរយៈវិធីនេះ លោកអ្នកនឹងងាយស្រួល ក្នុងការចាប់យកសកម្មភាពដោះស្រាយបញ្ហាបន្ទាន់នានា បានដោយជោគជ័យ។
កិច្ចការដែលគួរចងចាំ សម្រាប់អភិវឌ្ឍជំនឿចិត្តលើខ្លួនឯង ៖
១. សូមរៀបរាប់តែរឿងល្អៗ និងមិនត្រូវរៀបរាប់រឿងអវិជ្ជមានឡើយ។
២. សូមគិតវិជ្ជមានជានិច្ច ចំពោះខ្លួនឯង។
៣. សូមរៀនសូត្រពីបទពិសោធន៍នានារបស់លោកអ្នក។
៤. សូមកំណត់យកគោលដៅទាំងឡាយ ឲ្យបានច្បាស់លាស់។
៥. សូមតាំងចិត្តឲ្យក្លាហាន នៅក្នុងការប្រកបកិច្ចការសុចរិតទាំងពួង។
៦. សូមបន្តការរៀនសូត្ររបស់លោក ឲ្យបានពេញមួយជីវិត។
៧. សូមរស់នៅក្នុងជីវិតប្រកបដោយអត្ថន័យ។
៨. សូមផ្តល់តម្លៃទៅលើភាពងាយស្រួល។
៩. សូមទទួលយកនូវការផ្លាស់ប្តូរ។
សរុបមក ទំនុកចិត្តលើខ្លួនឯង ពិតជាមានសារសំខាន់ណាស់ សម្រាប់យើងគ្រប់គ្នា។ ទំនុកចិត្តលើខ្លួន គឺជាកត្តាកំណត់នៃភាពជោគជ័យរបស់យើងម្នាក់ៗ។ អាស្រ័យហេតុនេះ ម្នាក់ត្រូវព្យាយាមហ្វឹកហាត់យ៉ាងណា ដើម្បីឲ្យមានទំនុកចិត្តលើខ្លួនឯងឲ្យ បានជាប់ជាប្រចាំពេញមួយជីវិត នោះទើបជីវិតយើងមានភាពរុងរឿងត្រចះត្រចង់៕